Tuesday, August 25, 2009

ក្មេង៣នាក់ត្រូវរន្ទះបាញ់ស្លាប់នៅខេត្តបាត់ដំបង



យ៉ាង​ហោច​ណាស់ មាន​ក្មេង​៣​នាក់​នៅ​ភូមិ​តែ​មួយ​បាន​ស្លាប់​ភ្លាមៗ និង​កេ្មង​ប្រុស​ម្នាក់​ទៀត បាន​រង​គ្រោះ​ធ្ងន់​ដោយសារ​រន្ទះ​បាញ់​ទម្លាក់​ពី​លើ​ដើម​ឈើ ខណៈ​ដែល​ក្មេងៗ​ទាំង​៤​នាក់ បាន​ឡើង​បេះ​ផ្លែ​ដង្កោ នៅ​មុន​ពេល​មេឃ​ភ្លៀង​បន្តិច​ក្នុង​ខេត្ត​បាត់​ដំបង។


មេ​ឃុំ​របស់​មង្គល លោក ទូច ហឹម បាន​ថ្លែង​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៣ ខែសីហា ថា គ្រោះថ្នាក់​ដោយសារ​រន្ទះ​បាញ់​ខាង​លើ​បាន​កើត​ឡើង កាល​ពី​រសៀល​ម៉ោង ៣ និង ៣០​នាទី នា​ថ្ងៃ​សៅរ៍ ទី​២២ ខែ​សីហា ឆ្នាំ​២០០៩ នៅ​ភូមិ​ព្រៃព្រំ​២ ឃុំ​របស់​មង្គល ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង។


លោក ទូច ហឹម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បាញ់​មុន​ភ្លៀង គ្រាន់​តែ​ចាប់​រលឹម​តិចៗ​មក រន្ទះ​មក​បណ្តោយ ម៉ោង​ប្រហែល​ជា ៣​កន្លះ ហើយ​ក្មេង​ហ្នឹង​វា​ទៅ​ឡើង​បេះ​ផ្លែ​ដង្កោ ឡើង​ទៅ ៤​នាក់ ដល់​ពេល​រន្ទះ​បាញ់​ទៅ វា​ងាប់​បី​នាក់​ធ្លាក់​មក ម្នាក់​នៅ​រស់​យក​ទៅ​មន្ទីរ​ពេទ្យ»។


លោក​បន្ត​ថា ក្មេង​ទាំង​បី​នាក់​នោះ មាន​ឈ្មោះ ឃាន ខុន ភេទ​ស្រី អាយុ ១៤​ឆ្នាំ ឈ្មោះ សៀក សុខ ចាន់ ភេទ​ស្រី អាយុ​១៤​ឆ្នាំ ឈ្មោះ ខេង ទា អាយុ ៨​ឆ្នាំ ស្លាប់ និង ឈ្មោះ ហាត ហឿន ភេទ​ប្រុស អាយុ​៨​ឆ្នាំ រង​របួស​ធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​មោង​ឫស្សី។


លោក​បន្ត​ថា ក្មេង​ប្រុស​ស្រី​ទាំង​៤​នាក់ មាន​លំនៅ​នៅ​ភូមិ​ព្រៃ​ព្រំ​១ ឃុំ​របស់​មង្គល ស្រុក​មោង​ឫស្សី ជាមួយ​គ្នា។


ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​បាត់ដំបង លោក ឡុង ផល​គុណ បាន​ឲ្យ​ដឹង​ថា កន្លង​មក ខាង​មន្ទីរ​និង​អង្គការ Jica របស់​ជប៉ុន បាន​សហការ​គ្នា​ដោយ​បាន​បោះ​ពុម្ព​សៀវភៅ​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​រន្ទះ​បាញ់​នេះ។ ហើយ​សៀវភៅ​ទាំង​នោះ បាន​ផ្តល់​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​អប់រំ​ប្រជា​ពលរដ្ឋ​ឲ្យ​ចេះ​ការពារ​ខ្លួន​នៅ​ពេល​មាន​មេឃ​ភ្លៀង​ផ្គរ។


ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន ៖ «ពេល​ភ្លៀង យើង​គួរ​កុំ​ចេញ​ទៅ​ក្រៅ​ផ្ទះ​សម្បែង ប្រជាជន​យើង​ភាគ​ច្រើន ពេល​ភ្លៀង​ពេល​អី គាត់​លេង​ក្មេងៗ​ច្រើន​ជិះ​លេង តាម​ផ្ទះ​ទីធ្លា​មាន​ទឹក​ដក់ ពេល​ភ្លៀង​យើង​មិន​គួរ​ណា​បណ្តោយ​អ៊ីចឹង​ទេ សត្វ​ពាហនៈ​ក៏​អ៊ីចឹង​ដែរ គេ​ឲ្យ​ចូល​ទី​ណា​មាន​ជម្រក​បាំង​ជិត​កុំ​ឲ្យ​ខ្លួន​យើង កាល​ណា​មានផ្លេក​បន្ទោរ រន្ទះ​អី​អ៊ីចឹង​ទៅ វា​ឆ្លង​តាម​រយៈ​ទឹក​ភ្លៀង​ដែល​យើង​ជាន់​អី​ហ្នឹង»។


អាជ្ញាធរ​មូលដ្ឋាន​ឃុំ​របស់​មង្គល​បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ពាក់​កណ្តាលខែ​សីហា ឆ្នាំ​២០០៩ បុរស​ម្នាក់ ឈ្មោះ ប៊ុន ឆោម អាយុ​៥៧​ឆ្នាំ រស់​នៅ​ភូមិ​អង្គ ឃុំ​តា​ពូង ស្រុក​ថ្ម​គោល ក៏​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់ ខណៈ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ធ្វើ​សែ្រ​វិញ។


ចំណែក​ឯ​មេ​ឃុំ​ជ្រោយ​ស្ដៅ ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១១ ខែ​មេសា បុរស​ពីរ​នាក់​នៅ​ភូមិ​និគម​ក្នុង ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្ម​គោល ខេត្ត​បាត់ដំបង ក៏​ទទួល​រង​គ្រោះ​ស្លាប់​ដោយសារ​រន្ទះ​បាញ់។


ជន​រង​គ្រោះ​ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់ ខណៈ​ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្រោម​ផ្ទះ និង​ម្នាក់​ទៀត ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់ ខណៈ​ដែល​កំពុង​បើក​បរ​ម៉ាស៊ីន​គោ​យន្ត​ច្នៃ​ទៅ​វាល​ស្រែ។


ប្រភព​ដដែល​បាន​បន្ថែម​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​បាត់​ដំបង គិត​ថ្ងៃ​សៅរ៍ ខែមេសា​ដើម​ឆ្នាំ រហូត​ដល់​ថ្ងៃ​សៅរ៍ ទី​២២ ខែ​សីហា ឆ្នាំ​២០០៩ មាន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន ៦​នាក់​ហើយ ដែល​រង​គ្រោះ​ដោយសារ​រន្ទះ​បាញ់៕

Friday, August 14, 2009

Welcome to All Readers!



Thanks for visitting my Blog!

I'm very grateful that I can create a blog for expressing my opinions to all readers.

Again, I would like to say Hello To CAMBODIANS!


Thanks, talk more later!!!